Sunday, December 5, 2021

មេរៀន​! ឃើញ​តម្លៃថោក ចូលទៅ​កែ​ខ្ទង់ច្រមុះ​មិន​ចាំ​យូរ តែ​លទ្ធផល ក្លាយជា​បែបនេះ ហើយ​គ្លីនិក​មិន​ខ្វល់ និង​ថែមទាំង​បោះសម្តី​ថា​…

​ជាការ​ពិតណាស់ បច្ចុប្បន្ននេះ គេ​សង្កេតឃើញថា មាន​គ្លីនិក​កែ​សម្ផស្ស​ជាច្រើន​ត្រូវបាន​បើក ជាពិសេស​នៅក្នុង​ប្រទេស​ថៃ ដើម្បី​សម្រប​តាម​សេចក្តីប្រាថ្នា​ចង់បាន​ភាពស្រស់ស្អាត សម្រាប់​មនុស្ស​សម័យថ្មី​។ ប៉ុន្តែ ទន្ទឹមនឹងនេះ​ផងដែរ អ្នក​ក៏​គួរតែ​ទៅកាន់​គ្លីនិក​ដែលមាន​ស្តង់ដា បច្ចេកទេស​ត្រឹមត្រូវ និង​គ្រូពេទ្យ​មាន​ជំនាញ​ច្បាស់លាស់ ជាជាង​ទៅកាន់​កន្លែង​តម្លៃថោក ហើយ​មិ​ិ​ន​មាន​ការធានា​ត្រឹមត្រូវ ដែលជា​ហេតុ​នាំ​ឲ្យ​អ្នក​ត្រូវ​ប្រឈមមុខ​ជាមួយ​លទ្ធ​ផល​សោកស្តាយ និង​មាន​វិប្បដិសារី​អស់​មួយជីវិត​។ ជាក់ស្តែង ដូចជា​ស្ត្រី​ម្នាក់នេះ​អ៊ីចឹង​នៅក្នុង​ប្រទេស​ថៃ ឃើញ​ហើយ​គឺ​ពិតជា​គួរ​ឲ្យ​អាណិត​ខ្លាំងណាស់ ព្រោះថា​ក្រោយពី​គាត់​បាន​ទៅ​វះកាត់​កែ​ខ្ទង់ច្រមុះ​នៅ​គ្លីនិក​មួយ​នោះ ស្រាប់តែ​លទ្ធផល​បែរជា​បែបនេះ​។​

​តាម​កាសែត The Sun បាន​រាយការណ៍​ឲ្យ​ដឹងថា ស្ត្រី​ជនជាតិ​ថៃ​ដែល​ត្រូវបាន​បញ្ចេញ​ឈ្មោះ​ម្នាក់ បានសម្រេច​ចិត្ត​ទៅ​វះកាត់​កែ​ច្រមុះ តាមរយៈ​ការបណ្តុះ​ស៊ី​លី​កូន​ចូលទៅក្នុង​ច្រមុះ​របស់​នាង ដើម្បី​ឲ្យ​ទទួលបាន​ក្តោងច្រមុះ​ស្រួច​ស្អាត នៅឯ​គ្លីនិក​មួយ​ក្នុង​ទីក្រុង ហាត​យ៉ៃ (Hat Yai) ភាគខាងត្បូង​ប្រទេស​ថៃ​។​

​គ្លីនិក​វះកាត់​កែ​សម្ផស្ស​នោះ ក៏ត្រូវ​បានដឹងថា បានផ្តល់​ជូន​នូវ​តម្លៃ​វះកាត់​កែ​សម្ផស្ស​ផ្នែក​ច្រមុះ​នេះ ក្នុង​តំលៃថោក​។ តែ​ទោះយ៉ាងណា ក្រោយ​ទទួល​ការវះកាត់​ប៉ុន្មាន​ថ្ងៃ​ផង ស្ត្រី​ជនជាតិ​ថៃ​រូបនេះ ក៏​ស្រាប់តែ​បាន​ឆ្លង​មេរោគ​នៅក្នុង​ច្រមុះ​ច្រមុះ មុនពេល​ខ្ទង់​ជ័រ​ចាប់ផ្តើម​ហើប​ចេញ​ក្រៅ​។​

​បន្ទាប់មក ស្ត្រី​រងគ្រោះ​ក៏បាន​វិលត្រឡប់​ទៅ​គ្លីនិក​វះកាត់​កែ​សម្ផស្ស​នោះ ដែលជា​កន្លែង​ដែល​នាង​បានធ្វើ ដើម្បី​ទទួល​ជំនួយ ប៉ុន្តែ អ្វីដែល​ហួសចិត្ត​បំផុត​នោះ គឺ​ពួកគេ​បាន​បដិសេធ​ព្យាបាល​ឲ្យ​នាង​ឡើយ​។​

​គ្លីនិក​វះកាត់​កែ​សម្ផស្ស​នោះ ក៏​ថែមទាំង​បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ពួកគេ​មិន​ទទួលខុសត្រូវ​ចំពោះ​នីតិវិធី​ដែល​បរាជ័យ​នោះទេ ដូច្នេះ​ពួកគេ “​បដិសេធ​មិន​ជួយ​នាង​” ។​

​ក្រោយពី​បានឃើញ​ដ៏​គួរ​ឲ្យ​អាណិតអាសូរ​ខ្លាំងពេក ចំពោះ​ស្ថានភាព​លំបាក​របស់​នាង ទីបំផុត​គ្លីនិក​វះកាត់​កែ​សម្ផស្ស​មួយ​នៅ​ទីក្រុង​បាងកក ក៏បាន​សម្រេចចិត្ត​ជួយ​ព្យាបាល​វះកាត់​យក​ស៊ី​លី​កូន​នោះ​ចេញពី​ក្នុង​ច្រមុះ​ស្ត្រី​នោះ ដោយ​ឥតគិតថ្លៃ​។​

​ជា​លទ្ធផល​ក្រោយ​ដកយក​ចេញ​ស៊ី​លី​កូន នៅ​ចន្លោះ​ភ្នែក​ខាងស្តាំ និង​ខាងឆ្វេង​របស់​នាង បាន​លេចចេញ​ប្រហោង​ដ៏​ធំ​មួយ​គួរ​ឲ្យ​រន្ធត់​។​

​គេ​ពុំ​បានដឹង​ច្បាស់​ថា គ្រូពេទ្យ​ដែលមាន​ទឹកចិត្ត​ដ៏​ល្អ​នោះ នឹង​ជួយ​ជួសជុល​ការខូចខាត​នៅលើ​ច្រមុះ​របស់​នាង​យ៉ាងដូចម្តេច​ទៀត​នោះទេ​។ ហើយក៏​មិនបាន​ដឹង​ដែរ​ថា តើ​ស្ត្រី​នោះ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ប្រឆាំងនឹង​គ្លីនិក​នេះដែរ ឬ​យ៉ាងណា​។​

​យ៉ាងណាមិញ រូបភាព​របស់​នាង ក៏​ត្រូវបាន​ចែករំលែក​យ៉ាង​ផុសផុល​ពេញ​បណ្តាញ​សង្គម នៅក្នុង​ប្រទេស​ថៃ ដើម្បី​ទុកជា​ការព្រមាន​ដល់​អ្នកដទៃ ដែល​មានបំណង​ស្វែងរក​គ្លីនិក​វះកាត់​ប្លា​ស្ទិ​ច​ដែលមាន​តំលៃថោក​បែបនេះ​៕ ដោយ​៖ លឹម ហុង​