Tuesday, July 19, 2022

នី សុខ​រី “៖​ឪពុក​ខ្ញុំ​មិន​ឲ្យ​លេង​បាល់​ទេ តែ​ម្ដាយ​ខ្ញុំ​តែង​លើកទឹកចិត្ត​”

​ភ្នំពេញ​៖​ទម្រាំ​អាចឈាន​ជើង​ចូល​បាល់ទាត់​លក្ខណៈ​អាជីព ខ្សែការពារ​វ័យក្មេង នី សុខ​រី របស់​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​ឆ្លង​ការ​ឧបសគ្គ​ដ៏​ពិបាក​បំផុត​មួយ ដោយ​ត្រូវ​ឪពុក​រារាំង ព្រោះ​ខ្លាច​កូនប្រុស​មាន​គ្រោះថ្នាក់​។

​កីឡាករ​មានកំណើត​នៅ​ខេត្តកណ្ដាល​រំលឹកថា គេ​ចេះ​លេង​បាល់​តាំងពី​នៅ​កម្រិត​បឋមសិក្សា ហើយ​ថែមទាំង​ធ្លាប់​ប្រកួត​ដណ្ដើម​ពានរង្វាន់​ទៀតផង តែ​ក្រោយមក​ផ្អាក​មួយរយៈ​ធំ​ដោយសារ​ឪពុក​ហាមប្រាម​ខ្លាំងពេក​។

​លុះដល់​រៀន​វិទ្យាល័យ គេ​បាន​លួច​ទៅ​ហ្វឹកហាត់ និង​លេង​សាជាថ្មី​មិន​ឲ្យ​ឪពុក​ដឹង​ឡើយ​។ ដល់​ឆ្នាំ​២០១៩ គេ​បាន​ចូល​ហ្វឹកហាត់​នៅ​ថ្នាល​យុវជន​ព្រះខ័ន​រាជ​ស្វាយរៀង ហើយក៏​ត្រូវបាន​គ្រូ​បង្គោល​ក្រុម​ធំ លោក Conor Nestor ផ្ដល់​កិច្ចសន្យា​អាជីព​នៅ​ឆ្នាំ​២០២០​នេះ​តែម្ដង​។ ខ្សែការពា​រូបនេះ​បង្ហើប​ថា ការព្យាយាម​កន្លងមក ក៏មាន​ការរួមចំណែក​លើកទឹកចិត្ត​ពី​ម្ដាយ​ផងដែរ​។​

​សុខ​រី រៀបរាប់​បែបនេះ “៖ កាល​នៅ​បឋម​ចេះតែ​លួច​លេង ព្រោះ​មានពាន​សាលា តែ​ប៉ា​អត់​ឲ្យ​លេង ព្រោះ​ខ្លាច​មាន​របួស អ៊ីចឹង​ប្អូន​ឈប់​លេង​រហូត ដល់​រៀន​វិទ្យាល័យ ក៏​ចេះតែ​លួច​លេង និង​លួច​ហាត់​ទៀត ជាពិសេស​បាន​ទៅ​ហាត់​នៅ​ស្វាយរៀង បាន​មួយឆ្នាំ ក៏ត្រូវ​បាន​គ្រូ Conor ហៅចូល​ក្រុម​ធំ​ចុះ​កុងត្រា​តែម្ដង​។ កម្លាំងចិត្ត​សំខាន់ គឺ​បាន​ពី​ម៉ាក់​។ ម៉ា​ក់ថា ទោះ​ប៉ា​មិន​ឲ្យ​លេង ក៏​នៅតែ​ត្រូវ​ប្រឹង ព្រោះ​យើង​ស្រលាញ់​ពី​តូច​អ៊ីចឹង យើង​ត្រូវតែ​ប្រឹង​ឲ្យ​បានល្អ​។​”

​នី សុខ​រី ទទួលស្គាល់ថា ត្រូវ​សម្រួច​បទពិសោធ​ច្រើន​បន្ថែមទៀត ទាំង​កាយសម្បទា និង​បច្ចេកទេស​ដើម្បី​មានឱកាស​បង្ហាញខ្លួន​បាន​ច្រើន​នៅ​ក្រុម​ធំ​។ យ៉ាងណា គេ​ក៏​ពេញចិត្ត​ចំពោះ​ការខិតខំ​ប្រឹងប្រែង​កន្ល​ង​មក និង​តាំងចិត្ត​ជម្នះ​ឧបសគ្គ​ដើម្បី​បំពេញ​ក្ដី​ស្រមៃ និង​ឈានទៅ​ជោគជ័យ​ក្នុង​អាជីព​៕ ដោយ ៖ វិឆ្ឆិកា​