Sunday, July 17, 2022

ចំណាប់អារម្មណ៍ ថ្នាក់ដឹកនាំ​អង្គ​រថា​យ​ហ្គឺ​រ ចំពោះ​សុវណ្ណ ដូ​ណា​

​ភ្នំពេញ​៖ ខ្សែប្រយុទ្ធ​វ័យក្មេង សុវណ្ណ ដូ​ណា បាន​ដើរតួ​យ៉ាងសំខាន់​នៅ​ពីរ​ប្រកួត​ចុងក្រោយ​របស់​អង្គ​រថា​យ​ហ្គឺ​រ ដោយ​គេ​រក​គ្រាប់​ជ័យជម្នះ​លើ​នគរបាលជាតិ និង​គិរីវង់​សុខ​សែន​ជ័យ ដែល​នេះ​ក៏​ជាការ​បង្ហាញខ្លួន​លើកដំបូង​ក្នុង​ក្រុម​ធំ​សម្រាប់​ការប្រកួត​ក្របខណ្ឌ Metfone Cambodian League​។​

​លោក Yusuke Shinoda អ្នកចាត់ការ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​ឲ្យ​ដឹងថា សុវណ្ណ ដូ​ណា បាន​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុងការ​ហ្វឹកហាត់​ជាមួយ​ក្រុម​ធំ​កន្លងមក តាំងពី​គេ​មាន​អាយុ​ត្រឹម​១៤​ឆ្នាំ មិន​ថា មាន​សម្ពាធ​យ៉ាងណាទេ គេ​នៅតែ​ផ្ដោតលើ​តួនាទី ព្រោះ​ចង់​លេង និង​ក្លាយជា​កីឡាករ​ដ៏​ល្អ​ម្នាក់​ដែល​អាចជួយ​ក្រុម​បាន​។

​ថ្នាក់ដឹកនាំ​ក្លិប​ថ្លែង​បែបនេះ “៖ នៅពេល​គាត់​មាន​អាយុ ១៤ ឆ្នាំ ខ្ញុំ​និង​គ្រូបង្វឹក Oriol បាន​ឲ្យ​គាត់​ទៅ​មើល​ការប្រកួត ហើយ​យើង​ហៅ​គាត់​ចូល​ថា​យ​ហ្គឺ​រ​។ កាលណោះ​គេ​មាន​វ័យ​ត្រឹម​១៤​ឆ្នាំ តែ​ជំនាញ​បច្ចេកទេស​របស់គេ​គឺ​អស្ចារ្យ បើ​យើង​ប្រៀបធៀប​ជាមួយ​ក្មេងជំនាន់ក្រោយ​។ យើង​ចង់​ពង្រីក​បាល់ទាត់​នៅ​សៀមរាប​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​។ នោះ​គឺជា​ហេតុផល​ដែល​យើង​បាន​ចុះហត្ថលេខា​ជាមួយ​គាត់​នៅពេល​គាត់​មាន​អាយុ​១៤​ឆ្នាំ ហើយ​វា​ក៏​ជា​ភស្តុតាង​របស់​យើង​ចំពោះ​មនុស្ស​គ្រប់គ្នា​។ ប៉ុន្តែ​សម្រាប់​គាត់ វា​មិនមែនជា​ដំណើរ​ងាយស្រួល​ទេ​រហូតដល់​គាត់​រកបាន​គ្រាប់​បាល់​ទាំងពីរ​គ្រាប់​នេះ​។
​គាត់​បាន​ហ្វឹកហាត់​យ៉ាង​ស្វិតស្វាញ​ក្នុង​ក្រុម​ធំ​។ ទោះបី​គាត់​បានទទួល​សម្ពាធ ប៉ុន្តែ​គាត់​តែងតែ​ផ្ដោតលើ​ការហ្វឹកហាត់ និង​ចង់​លេង ព្រោះ​ចង់​ជួយ​ថា​យ​ហ្គឺ​រ​។​

​នៅពេល​ឱកាស​មកដល់ គេ​បាន​ត្រៀម​រួចរាល់​អស់ហើយ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ហើយក៏​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​រក​គ្រាប់​បាល់​។ ខ្ញុំ​មាន​អារម្មណ៍​រំភើប​ពេល​គេ​ប្រឹងប្រែង​រក​គ្រាប់​បាល់​។ វា​មិនមែនជា​អព្ភូតហេតុ​ទេ​។ ខ្ញុំ​រីករាយ​ចំពោះ​ការ​ឆ្ពោះទៅមុខ​របស់គេ​។​”

​បច្ចុប្បន្ន​មាន​វ័យ​១៦​ឆ្នាំ សុវណ្ណ ដូ​ណា ត្រូវបាន​អង្គ​រថា​យ​ហ្គឺ​រ​ផ្ដល់​កិច្ចសន្យា​កាលពី​ពីរ​ឆ្នាំមុន​។ យ៉ាងណា ទោះ​គេ​ធ្វើបាន​យ៉ាង​ល្អ​នាពេល​ថ្មីៗ​នេះ លោក Yusuke មិនទាន់​ចង់​ឲ្យ​អ្នកគាំទ្រ​ចាត់ទុក​ដូ​ណា​ជា​និមិត្តរូប ឬ Idol ទេ ព្រោះ​ចង់​ឲ្យ​គេ​ខិតខំ​បន្ថែមទៀត​។​

​លោក Yusuke Shinoda អះអាងថា ក្លិប​នៅតែ​បន្ត​ជំរុញ​សុវណ្ណ ដូ​ណា និង​កូនក្រុម​ខ្លួន​ទាំងអស់​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ដើម្បី​ការរីកចម្រើន​របស់​អង្គ​រថា​យ​ហ្គឺ​រ និង​បាល់ទាត់​ក្នុង​ខេត្តសៀមរាប​ទាំងមូល​៕​ដោយ ៖ វិឆ្ឆិកា​