Saturday, September 3, 2022

Bayern ទទួលបាន​ជើងឯក Champions League លើក​ទី​៦

Kingsley Conan បានតែ​ត​បញ្ចូល​ទី​យ៉ាង​ស្អាត​នៅ​នាទី​៥៩ ដែល​បានមកពី​ការបញ្ជូន​បាល់​ពី​ស្លាប​ខាងស្តាំ​ដោយ​ខ្សែការពារ Josua Kimmich​។ Coman បាន​សំពង​អតីត​ក្លឹប​របស់ខ្លួន PSG ហើយ​វា​ក៏​ជា​លទ្ធផល​ដែល​បាន​ជួយ​ឲ្យ​ក្លឹប ផ្កាយ​ក្រហម Bayern Munich លើក​ពាន​ទ្វីបអឺរ៉ុប​ទៀតផង​។​

​វា​ជា​ជ័យជំនះ​លើក​ទី​៦​ហើយ​ដែល​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង Munich មួយ​នេះ​សម្រេចបាន​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ European Cup​ឬ Champions League​។ Bayern ជា​ក្លឹប​តែមួយគត់​ដែល​អាច​លើក​ពាន​ដោយ​គ្មាន​ចាញ់​សូម្បី​តែម្តង​ក្នុងចំណោម​១១​ប្រកួត​នា​រដូវ​កាល ២០១៩-២០​នេះ​។​

អ្នកចាត់ការ Hans-Dieter Flick របស់​ក្រុម Bayern តាមពិតទៅ​គ្រាន់តែ​ជា​អ្នកចាត់ការ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​ក្រោយ​ការបណ្តេញ​លោក Niko Kovac ចេញពី​តំណែង​កាល​ដើមរដូវ​កាល​២០១៩-២០ ប៉ុន្តែ​អ្វីដែល​កាន់តែ​អស្ចារ្យ​បំផុត​នោះ​គឺ​គាត់​បាន​នាំ Bayern លើក​ពាន​ចំនួន​បី​ហើយ Bundesliga DFB Pokal និង យប់មិញ​នេះ Champions League ហើយ​រឿង​មួយទៀត​លោក Flick បាន​ចូលរួម​ក្នុងចំណោម​អ្នកចាត់ការ​វ័យ​ចំណាស់​បំផុត​ទី​បួន​ដែល​បាន​លើក​ពាន Champions League ក្នុង​វ័យ​៥៥​ឆ្នាំ​។

​សូមបញ្ជាក់ថា ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​បានធ្វើ​ឡើង​នាទី​ក្រុង Lisbon ប្រទេស ព័រ​ទុយ​ហ្គា​ល់ ក្នុង​កីឡដ្ឋាន Estadio da Luz របស់​ក្លឹប Benfica ៕ ដោយ ៖​វិច្ឆិកា​