Monday, July 18, 2022

២២ មករា ១៩៩៥ ក្បាច់ កុង ហ្វ៊ូ លើ​ទីលាន​បាល់ទាត់​

​ដោយ​ត្រូវបាន​បណ្តេញ​ចេញពី​ទីលាន​នៅ​នាទី​48′ បន្ទាប់ពី​លេង​បាន​ត្រឹម​៣​នាទី​ក្នុង​តង់​ទី​ពីរ​នៅ Selhurst Park ទឹកដី​ក្រុម Crystal Palace ខណៈ​ខ្សែប្រយុទ្ធ​Manchester United ពាក់អាវ​លេខ​7 Eric Cantona​បាន​លោត​ធាក់​អ្នកគាំទ្រ Crystal ម្នាក់​ឈ្មោះ មេ​ធ្យូ សៃ​មិន​(Matthew Simmons)​មុន​អ្នក​ទាំងពីរ​ដាល់​គ្នា​ទៅវិញទៅមក​។​

​ការមើលឃើញ​មិនធម្មតា​ដែល​តារាបាល់ទាត់​ដ៏​លេចធ្លោ​មួយរូប បាន​លោត​ធាក់​ទៅលើ​អ្នកគាំទ្រ បាន​នាំ​ឲ្យ​មាន​ចំណាប់អារម្មណ៍​ទូទាំង​ពិភពលោក​។
​ដោយ​ស្ថានការណ៍​នេះ​វា​ធ្ងន់ធ្ងរ ក្លឹប​មាន​មូលដ្ឋាន​នៅ​សង្កាត់​អូ​ល​ត្រា​ហ្វ​ត (Old Trafford) ក្នុង​ទីក្រុង​មែន​ឆេស​ស្ទ័​រ (Manchester) បានសម្រេច​ចិត្ត​ហាមប្រាម​Cantona មិន​ឲ្យ​ចូលរួម​ប្រកួត​រយៈពេល​ដែល​នៅសល់ នៃ​រដូវ​កាលនោះ​និង​បាន​ពិន័យ​ជា​ប្រាក់ ពីរម៉ឺន ផោន​(20000 pounds)​។ ក្រោយមក​សមាគម​បាល់ទាត់ (FA) បាន​ពន្យា​ការពិន័យ​រហូតដល់​៩​ខែ និង ពិន័យ​ជា​ប្រាក់ មួយ​ម៉ឺន​ផោន ថែមទៀត បន្ទាប់ពី​សាលក្រម​វិន័យ​ត្រូវបាន​ប្រកាស​។​

​ការឆ្លើយតប​ដោយ​កំហឹង​របស់​កាន់​តូ​ណា​(Cantona) លើ​អ្នកគាំទ្រ បានធ្វើ​ឲ្យ​ហ៊ុន​ក្នុង​ក្លឹប​រង​ផលប៉ះពាល់ ដែល​ខាត​បង់អស់ បី​លាន​ផោន​(3,000,000pounds)​នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន Financial Times​។​
​ខណៈដែល​កាន់​តូ​ណា​ព្យាយាម​លាក់​មុខ​ពី​រលក​រញ្ជួយ​នៃ​ក្បាច់គុន កុង​ហ្វ៊ូ​ដោយ​ដឹងថា​គាត់​នឹងត្រូវ​ប្រឈមមុខ​ពីបទ​ចោទប្រកាន់ នៅ​តុលាការ​។ ដោយ​គោលបំណង​គេច​ចេញពី​អ្នកសារព័ត៌មាន ហ្គា​ដេ​លប់​(Guadeloupe) កាន់​តូ​ណា ត្រូវបាន​តាម​ប្រ​ម៉ាញ់​ដោយ​អ្នកសារព័ត៌មាន ITN​មួយរូប​ទៀត​។ ក្នុងការ​ធ្វើ​ឲ្យ​ពិបាកចិត្ត​ដោយសារ​ការឈ្លានពាន​ជីវិត​ឯកជន របស់គាត់ តាម​របាយការណ៍​ឲ្យ​ដឹងថា គាត់​បាន​គំរាម​សម្លាប់​អ្នកសារព័ត៌មាន​រូបនេះ​ទៀតផង​។​

​រយៈពេល​២​ខែ​បន្ទាប់ពី​ហេតុការណ៍​លោត​ធាក់ សៃ​មិន ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដ៏​ច្រើន ជា​ចុងក្រោយ កាន់​តូ​ណា​បាន​បង្ហាញខ្លួន​នៅ​តុលាការ ក្រ​យ​ដុន (Croydon Court) ។​ក្នុង​បន្ទប់​សាវ​នា​ការ បុរស​សញ្ជាតិ​បារាំង​រូបនេះ ត្រូវបាន​សាលក្រម​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​២​សប្តាហ៍​ពីបទ វាយប្រហារ​អ្នកគាំទ្រ គ្រី​ស្តា​ល់ (Crystal) ។ កាន់​តូ​ណា​និង​ក្រុមអ្នកច្បាប់​របស់គាត់​មើលទៅ​មាន​ទឹកមុខ​ស្រឡាំងកាំង បន្ទាប់ពី​សាលក្រម​ត្រូវ​បា​ប្រកាស​។ ទោះយ៉ាងណា​ក៏ដោយ​សាវ​នា​ការ​ដែលមាន​រយៈពេល​៣​ម៉ោង​នេះ ចៅក្រម​កាត់ក្តី​លើ​សុំ​ណុំ​រឿងនេះ​បានប្រកាស​ទុកពេល​ឲ្យ​គាត់ ដើម្បី​ផ្តឹ​ង​ឧទ្ធរណ៍​បើ​មិន​ពេញចិត្ត​។​
​ដើមបណ្តឹង​របស់គាត់ សៃ​មិន ក្រោយមក​ត្រូវ​តុលាការ​ពិន័យ ៥០០​ផោន ពីបទ​ស្រែក​គំរាម​ដាក់ កាន់​តូ​ណា ដោយ​ប្រើ​សម្តី​ថា ” ឯង​ចង់​ងាប់​មែន​ទេ អា​បារាំង​ថោកទាប អា​បារាំង​ចង្រៃ ទៅ​ស្រុក​របស់​ឯង​វិញ​ទៅ​..​ទៅៗ​..”​។ សាលក្រម​នេះ​បានប្រកាសថា ហាម សៃ​មិន មិន​ឲ្យ​ចូល​មើល​បាល់​ក្នុង​កីឡាដ្ឋាន​ផ្ទាល់​រយៈពេល​១​ឆ្នាំ​។​ក្នុង​សាវ​នា​ការ​នេះ​ផងដែរ សៃ​មិន បាន​ហក់​ទៅរក​ចៅក្រម​កាត់ក្តី ដោយសារ​រូបគេ​មិន​ពេញចិត្ត ភ្លាមៗ​នោះ​ត្រូវបាន​គេ​ចាប់​ដាក់​ក្នុង​រង្វង់​ក្រចកសេះ​វិញ បន្ទាប់មក​គាត់​ត្រូវបាន​កាត់​ឲ្យ​ជាប់គុក​រយ​:​ពេល​៧​ថ្ងៃ ពីបទ​មិន​គោរព​តុលាការ​។​

​ប៉ូល អ៊ី​ន (Paul Ince) មិត្ត​រួម​ក្រុម​របស់ កាន់​តូ​ណា មិនត្រូវ​បាន​តុលាការ​រកឃើញថា​មានទោស​កំហុស​នោះទេ បន្ទាប់ពី​បទចោទប្រកាន់​ដែលថា​គាត់​បាន​ប្រើ​ឥរិយាបទ​គំរាមកំហែង អ្នកគាំទ្រ​ផ្សេងទៀត នៅពេលដែល​គាត់​ចូលទៅ​ជួយ​អន្តរាគមន៍ ក្រោយ​ការ​លោត​ធាក់​របស់ អេ​រិ​ក កាន់​តូ​ណា​។​
​រឿងក្តី​របស់ សៃ​មិន និង អ៊ី​ន ត្រូ​បាន​ជះ​ស្រមោល​យ៉ាងខ្លាំង​ដោយ​ការ​ផ្តឹ​ង​ឧទ្ធរណ៍​របស់ កាន់​តូ​ណា ជំទាស់​ទៅនឹង​ការ​កាត់​ឲ្យ​ជាប់គុក​២​សប្តាហ៍​លើ​រូបគាត់​។​នៅ​តុលាការ ក្រ​យ​ដុន (Croydon) កាន់​តូ​ណា ត្រូវបាន ចៅក្រម​សម្រេច​ឲ្យ​បម្រើសេវា​សង្គម ១៥០​ម៉ោង​វិញ ក្រោយពី​បន្ធូរបន្ថយ​ពី​ការជាប់គុក​២​សប្តាហ៍​។​

​សូមបញ្ជាក់ថា រឿងក្តី​ខាងលើ កើតឡើង​នៅ​ថ្ងៃ ២២ មករា ១៩៩៥​ក្នុងការ​ប្រកួត ព្រី​មី​លី​គ (Premier League) រវាង ម្ចាស់ផ្ទះ​គ្រី​ស្តា​ល់ ផា​លេស (Crystal Palace) និង មែន​ឆេស​ស្ទ័​រ យូ​ណាយ​ធី​ដ (Manchester United) នា​កីឡដ្ឋាន សេល​ហ៊ឹស​ផាក (Selhurst Park) ជា​សង្គ្រាម​រវាង​ក្រុម​ប្រជែង ដើម្បី​ជើងឯក​និង​ក្រុម​ប្រជែង ដើម្បី​ជីវិត​រស់នៅ​ពាន​លំដាប់​កំពូល​បន្តទៀត​។ ការប្រកួត​នេះ​ត្រូវបាន​គេ​មើលឃើញថា លោក អា​លិ​ន ស្មី​ត (AlanSmith) អ្នកចាត់ការ ក្រុម​គ្រី​ស្តា​ល់ បានរៀបចំ​យុទ្ធសាស្ត្រ​បិទ​មិន​ឲ្យ កាន់​តូ​ណា មា​ឱកាស​ទំនេរ​ឡើយ ដោយ​ឲ្យ​ខ្សែការពារ​រី​ឆាដ ស (Richard Shaw) តាមបិទ រំខាន ឆាឆៅ ព្រោះ​គេ​ដឹងថា កាន់​តូ​ណា ជា​កីឡាករ​ឆេវឆាវ ឆាប់​ខឹងច្រឡោត​។ ម្តង​ជា​ពីរដង​ទាំង​គាត់​និង អា​ឡិច ហ្វើ​គូ​សិន (Alex Ferguson) បាន​ប្តឹង​អាជ្ញាកណ្តាល អា​លេន វី​ល​ខី (Alan Wilkie) ដោយសារ ការ​ទាញ​អាវ​ផង ទាក់​ជើង​។ ពេលនោះ កាន់​តូ​ណា បាន​និយាយ​ដាក់​គាត់​ថា​”​គ្មាន​កាត​លឿង​ទេ​ឬ​?” ។ វា​កើតឡើង​នៅ​នាទី 48′ ដើមតង់​ទី​ពីរ​នៅពេល​អ្នកចាំទី មែន​យូ កីឡាករ ភី​ត​ធើ ស្មី​ឆ​សេល (PeterSchmeichel) បាន​ទាត់​បាល់​ឡើងទៅ​ខាង​ទី គ្រី​ស្តា​ល់ ស្របពេលនោះ កាន់​តូ​ណា រត់​ប្រជែង​យក​បាល់ ស្រាប់តែ ខ្សែការពារ​គ្រី​ស្តា​ល់​រូបនេះ​ដដែល បាន​ចាប់ទាញ​គាត់ ដោយ​ទ្រាំ​មិនបាន​គាត់​ក៏បាន​ទាត់​បាល់​ចំ​មុខ​កីឡាករ​រូបនេះ ធ្វើអោយ​អ​ជ្ញា​កណ្តាល​ពិន័យ​កាត​ក្រហម ដេញ​ចេញពី​ទីលាន​។ គាត់​ក៏​ដើរ​តម្រង់​ទៅ​កន្លែង​អង្គុយ ស្របពេលនោះ​លោក អា​ឡិច បានធ្វើ​ព្រងើយកន្តើយ​ដាក់​គាត់ ដោយ​យកដៃ​ស៊ក​ចូលក្នុង​ហោប៉ៅ​អាវ​រងា​ធំ​របស់គាត់ ធ្វើ​មិនដឹង ដូចនេះ កាន់​តូ​ណា បាន​ដើរកាត់​វេទិកា​អង្គុយ​របស់​អ្នកគាំទ្រ​គ្រី​ស្តា​ល់ សំដៅទៅ​កាន់​រូង​ចេញចូល​របស់​កីឡាករ មិនទាន់​ទាំង​ដល់​ផង​ស្រាប់​អ្នកគាំទ្រ​ម្នាក់​រត់​ចុះ​មកពី​កៅអី​ជួរ​ទី​១១ ដែល​នៅ​ខាងលើ​រួច​ស្រែក​ដាក់ កាន់​តូ​ណា ថា ” ខុសពេល​វេលា​ហើយ ខុសផ្លូវ​ហើយ​..​ឯង​ចង់​ងាប់​ឬ ? អា​បារាំង ចង្រៃ អា​បារាំង​ថោកទាប ……​ទៅ​មុជទឹក​ឲ្យ​លឿន​ទៅ​…​ទៅ​ស្រុក​ឯង​វិញ​ទៅ​..​ទៅៗ​ៗ​..”​ដោយសារ​ឆាប់​ច្រឡោត ឆេវឆាវ​ផង​នោះ កាន់​តូ​ណា ក៏បាន​ហក់​ទៅ​ធាក់​តែម្តង​។​
​នៅពេលនោះ​ហើយ​ដែល​គេ​ដាក់​ចំណងជើង​ថា ” Kung-Fu 20″៕

​ប្រភព ៖ The Guardien
​ដោយ​៖ វិច្ឆិកា​