Sunday, December 5, 2021

ក្រុមហ៊ុនលីប្រាឌើរ បុកស៊ីផាយប្រឡាយបឹងត្របែកគ្មានគុណភាព ទ្រេតជិត២០០ម៉ែត្រ , ចៅហ្វាយក្រុងបញ្ជាឲ្យបុកស៊ីផាយសងឡើងវិញ

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ដោយឲ្យក្រុមហ៊ុនលីប្រាឌើរ ដែលបានទទួលម៉ៅការបុកស៊ីផាយ នៅប្រឡាយបឹងត្របែក ធ្វើសកម្មភាពបុកស៊ីផាយសងជាថ្មីឡើងវិញ ក្រោយពីក្រុមហ៊ុនធ្វើមិនត្រឹមត្រូវគ្មានគុណភាព តាមលក្ខណៈបច្ចេកទេស ដោយបានធ្វើឲ្យស៊ីផាយជញ្ជាំងប្រឡាយទ្រេតជិត២០០ម៉ែត្រ ។

មន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះថា ចំពោះការទ្រេតជញ្ជាំងបេតុងជិត២០០ម៉ែត្រនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនអាចទទួលយកបានទេ ដាច់ខាតត្រូវតែរុះរើ យកអាចាស់ចេញ ហើយបុកស៊ីផាយថ្មីជំនួសវិញ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យក្រុមហ៊ុនខាងលើនេះ ខួងមើលដីឲ្យបានត្រឹមត្រូវមុននឹងបុកស៊ីផាយជាថ្មី ទោះបីក្រុមហ៊ុនថា បានខួងកន្លែងផ្សេងមើលហើយក៏ដោយ ចៀសវាងដួលរលំឬទ្រេតដូចនេះទៀត។

គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២០ កន្លងមកនេះ ស៊ីផាយឬជញ្ជាំងបេតុង ដែលបានបុកហើយនោះ បានទ្រេតប្រវែងជិត២០០ម៉ែត្រ នៅក្នុងភូមិសាស្ត្រសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន ហើយពាក់ព័ន្ធនឹងបញ្ហានេះ កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ នឹងដឹកជញ្ជូនរាជធានីភ្នំពេញ ដោយមានការចូលរួមពីក្រុមហ៊ុនលីប្រាឌើរបុកស៊ីផាយ និងរដ្ឋបាលសង្កាត់ផ្សារដើមថ្កូវ ក៏បានចុះត្រួតពិនិត្យស្ថានភាពស៊ីផាយប្រឡាយបឹងត្របែក ដែលទ្រេតនេះផងដែរ ដើម្បីសិក្សារកដំណោះស្រាយ និងចាត់វិធានបុកស៊ីផាយឡើងវិញ៕
ដោយ៖កូឡាប