Sunday, December 5, 2021

រដ្ឋមន្ត្រី​កសិកម្ម ស្នើ​ឲ្យ​មាន​កិច្ចសហការ រវាង​ទី​ម័​រ​ខាងកើត និង​កម្ពុជា លើ​វិស័យ​កសិកម្ម​

​ភ្នំពេញ​៖ ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម បានស្នើ​សុំឱ្យ​មាន​កិច្ចសហប្រតិបត្តិការ រវាង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត និង​កម្ពុជា លើ​វិស័យ​កសិកម្ម តាមរយ​:​ការសិក្សា​ស្រាវជ្រាវ បណ្តុះបណ្តាល​ធនធានមនុស្ស និង​ផ្លាស់ប្តូរ​បទពិសោធន៍រ​វាង​ថ្នាក់ដឹកនាំ អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​មន្ត្រី​ជំនាញ​។​

​ការស្នើ​នេះ​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង លោក រដ្ឋមន្ត្រី​កសិកម្ម វេ​ង សាខុន និង ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត Ermenegildo Kupalopes ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភ្ញៀវ​អំពី​សក្តានុពល និង​ដំណើរ ការ​វិវឌ្ឍន៍​រីកចម្រើន​របស់​វិស័យ​កសិកម្ម​កម្ពុជា ជាពិសេស​ក្នុង​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ កម្ពុជា​បាន​ពង្រីក​ផលិតភាព​ផលិតកម្ម​កសិកម្ម និង​ទីផ្សារ​នាំចេញ​កសិផល​ជាច្រើន​ទៅកាន់​ទីផ្សារ​អន្តរ ជាតិ​មានដូចជា​៖ ស្រូវ អង្ករ ស្វាយ ចេក ស្វាយចន្ទី ដំឡូង​មី​ស្រស់​-​ក្រៀម បន្លែ ត្រី និង​សត្វ​។​ល​។

​ឯកឧត្តម​ឯកអគ្គរាជទូត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​វិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ក្នុងនោះ​ក៏មាន​វិស័យ​កសិកម្ម​គួរឱ្យ​ចាប់អារម្មណ៍ ហើយ​ការរីកចម្រើន​នេះ​បាន​ជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​កាត់បន្ថយ​ភាពក្រីក្រ​បាន​យ៉ាង​ល្អប្រសើរ​។

​ក្នុង​អាណត្តិ​នៃ​ការបំពេញ បេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ថា​នឹង​ខិតខំ​ជំរុញ និង​ពិនិត្យឡើងវិញ​លើ​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ ហើយនឹង​ពិនិត្យ និង​រៀបចំ​ឯកសារ​អនុស្សរណ​:​នៃ​ការយោគយល់​គ្នា​លើ​ការនាំចេញ​កសិផល និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុងពេល​ឆាប់ៗ​។
​ដោយឡែក ចំពោះ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ទី​ម័​រ​ខាងកើត ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ថា​នឹង​ខិតខំ​ជំ​រុញឱ្យ​ពាណិជ្ជ​ករទី​ម័​រ​ខាង​កើតមក​សិក្សា និង​ស្វែងយល់​បន្ថែម​អំពី​នីតិវិធី​ច្បាប់ បច្ចេកទេស និង​បែបបទ​នៃ​ការនាំចេញ​របស់​កម្ពុជា​ឱ្យបាន​ស៊ីជម្រៅ ហើយ​សង្ឃឹមថា​អង្ករ​កម្ពុជា​នឹងមាន​លក់​នៅ​ទីផ្សារ​ទី​ម័​រ​ខាងកើត​ក្នុងពេល​អនាគត​ដ៏​ខ្លី​។​

​ជាការ​ឆ្លើយតប តាម​ចេតនា​របស់​ឯកអគ្គរ​ដ្ឋ​ទូត​ដែល​ចង់​នាំ​អង្ករ​កម្ពុជា​ចូល​ទីផ្សារ​ទី​ម័​រ​ខាងកើត ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការគាំទ្រ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាឱកាស​ជួប​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​កាលពី​ថ្ងៃទី​២៧ ខែឧសភា នៅ​វិមាន​សន្តិភាព ថា​រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត​គួរ​បញ្ជូន​ក្រុមហ៊ុន ឬ​ពាណិជ្ជករ​មក​សិក្សា ស្វែងយល់​អំពី សក្តានុពល​នៃ​ការផលិត​ស្រូវ បង្កើត​រោង​ម៉ាស៊ីន និង​វេច​ខ្ចប់​ឱ្យបាន​សមស្រប​តាម​ស្តង់ដារ​របស់ ទីផ្សារ​ទី​ម័​រ​ខាងកើត ហើយ​ករណីនេះ​ភាគី​កម្ពុជា​នឹង​រង់ចាំ​ផ្តល់​កិច្ចសហការ​ឱ្យ​ពេញលេញ ធ្វើយ៉ាងណា​ឱ្យ​ការវិនិយោគ​នេះ​សម្រេច​ទទួលបាន​ជោគជ័យ​៕

ដោយ៖សម្ផស្ស