Sunday, December 5, 2021

ចិន​ដក​បម្រាម​ធ្វើដំណើរ​ចេញពី​ខេត្ត​ហូ​បេ ក្រោយ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ធ្លាក់​មកដល់​កម្រិត​សូន្យ​

​ចិន នៅ​ថ្ងៃ​ពុធ​នេះ បានធ្វើ​ការដក​បម្រាម​ដើរហើរ ចេញពី​ខេត្ត​ហូ​បេ បន្ទាប់ពី​មានការ​បិទ​ខេត្ត​នេះ អស់​រយៈពេល​មួយខែ​។ ការដក​បម្រាម​កើតឡើង ខណៈដែល​ចិន មិនមាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ក្នុងប្រទេស​ទៀតឡើយ​។​

​ទោះ​យ៉ាណា មានការ​ឆ្លង​ចំនួន ៤៧​ករណី​ថ្មី​មកពី​បរទេស ដែល​ធ្វើ​ឲ្យ​តួលេខ នៃ​អ្នក​ឆ្លង​សរុប​មកពី​ខាងក្រៅ កើន​ដល់​ចំនួន ៤៧៤​នាក់​។ អ្នក​ឆ្លង​មកពី​ខាងក្រៅ​ទាំងនោះ ភាគច្រើន​ជា​ប្រជាជន​ចិន ដែល​បាន​ត្រឡប់​ចូលក្នុង​ប្រទេស​វិញ​។​

​មនុស្ស​ចំនួន ៤​នាក់​បាន​ស្លាប់ ដែល ៣​នាក់​ស្លាប់​នៅក្នុង​ខេត្ត​ហូ​បេ កន្លែង​ដែល​វីរុស​មរណៈ​នេះ ចាប់ផ្តើម​ផ្ទុះ​កាលពី​ចុង​ឆ្នាំមុន​។ នេះ​បើតាម​ការបញ្ជាក់​របស់​គណៈកម្មការ​សុខភាព​ជាតិចិន​។​

​ការប្រកាស​ដក​បម្រាម​ចេញ នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​ជាង ៥០​លាន​នាក់ នៅក្នុង​ខេត្ត​ហូ​បេ អាច​ចេញ​ដើរហើរ បាន​ធម្មតា​ដូចដើម ហើយ​ព្រលានយន្តហោះ និង​ស្ថានីយ៍​រថភ្លើង​មួយចំនួន នឹង​បើក​ដំណើរការ​វិញ​។​

​ចំណែក​ទីក្រុង​វូ​ហាន វិញ​ក៏​នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន ដើរហើរ​ផងដែរ ចាប់ពី​ថ្ងៃទី ៨ ខែមេសា​ខាងមុខ​។​

​សូមបញ្ជាក់ថា មាន​អ្នក​ឆ្លង​វីរុស កូ​រ៉ូ​ណា ឬ COVID-19 ចំនួន ៨១.២០០​នាក់ នៅ​នៅក្នុង​ប្រទេស​ចិន និង​មាន​អ្នកស្លាប់​ចំនួន ៣.២៨១៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​