Tuesday, January 18, 2022

ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង លើក​ពេល​សវន​ការ​លោក​កឹម សុខា

​ភ្នំពេញ​ ៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​លើក​ពេល​​សវនាការ​លើ​សំណុំរឿង លោក កឹម សុខា តាម​ពាក្យសុំ​របស់​មេធាវី​ការ​សិទ្ធិ និង​មេធាវី​តំណាង​ភាគី​រដ្ឋប្បវេណី (​មេធាវី​រាជរដ្ឋាភិបាល​) រហូតដល់​មានការ​ជូនដំណឹង​ថ្មី ដោយ​មូលហេតុ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ covid -19​។​

​លោក​កូយ​សៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចារ​ឯកភាព តាម​ពាក្យសុំ ដោយ​ឲ្យ​ពន្យារពេល​រហូតដល់​មានការ​ជូនដំណឹង​កាលបរិច្ឆេទ​សវនាការ​ជាថ្មី​។​

​បើតាម​មេធាវី​ចេង ប៉េង​ហាប់ ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើសុំ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សុំ​ពន្យារពេល​សវនាការ​លើ​សំណុំរឿង​លោក​កឹម សុខា​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 25 – 26 ខែមីនា ឆ្នាំ 2020 ទៅ​ពេល​ក្រោយ​សិន​។ បើតាម​លោក​មេធាវី ដោយពេល​បច្ចុប្បន្ននេះ គឺ​កំពុងស្ថិត​ក្នុងស្ថានភាព​ផ្ទុះ​ជំងឺ​រីក​រាលដាល​កូ​វីដ​១៩ ដែលជា​ជំងឺ​កាច​សាហាវ និង​មាន​ភាពងាយស្រួល​ក្នុង​ការឆ្លង រាជរដ្ឋាភិបាល​កម្ពុជា និង​បណ្ដាល​ប្រទេស​ទូទាំង​សកលលោក កំពុង​រួមគ្នា​យ៉ាង​យកចិត្តទុកដាក់ ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នេះ ដោយ​ក្នុងនោះ​មានការ​ដាក់​បម្រាម​ហាម​ឃាត់​មិន​ឲ្យ​មានការ​ជួបជុំ​គ្នាច្រើន​ឡើយ​។ ហើយ​ម្យ៉ាងទៀត នៅក្នុង​បន្ទប់​សវនាការ គឺមាន​ភាព​តូចចង្អៀត ដែល​មិនអាច​អង្គុយ​ឲ្យ​ឃ្លាត​ពីគ្នា ក្នុង​ចម្ងាយ 2​ម៉ែត្រ ដូច​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​បាន​នោះទេ​។ ដូច្នេះ​ដើម្បី​ចៀសវាង ក្នុងការ​ឆ្លង​និង​កុំ​ឲ្យ​ប៉ះពាល់ ដល់​ផលប្រយោជន៍​របស់​កូនក្តី យើងខ្ញុំ​សូម​លោក​ប្រធាន មេត្តា​យោគយល់​និង​អធ្យាស្រ័យ ក្នុងការ​ពន្យារពេល​ស​វនា​ការ ក្នុង​សំណុំ​រឿងនេះ​ទៅ​ថ្ងៃក្រោយ​សិន​។​

​ចំណែក​លោក​មេធាវី ចាន់ ចេង ដែលជា​សហ​មេធាវី​ការពារ​ក្តី​ជូន​លោក​កឹម សុខា ក៏បាន​សរសេរ​លិខិត​មួយច្បាប់ ស្នើសុំ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​លើក​ពេល​សវនាការ​ទៅ​ថ្ងៃក្រោយ ដើម្បី​សុវត្ថិភាព​និង​សុខភាព សម្រាប់​ទាំងអស់គ្នា ក្នុង​បន្ទប់​សវនាការ​ពាក់ព័ន្ធ​នឹង​ជំងឺឆ្លង​បច្ចុប្បន្ន​។ លោក​មេធាវី​ចាន់ ចេង បាន​លើកឡើងថា ដើម្បី​សុវត្ថិភាព​សុខភាព នៅក្នុង​បន្ទប់​សវនាការ​ពាក់ព័ន្ធ​នឹង​ជំងឺឆ្លង​បច្ចុប្បន្ននេះ ដែល​រាជរដ្ឋាភិបាល​កម្ពុជា និង​ពិភពលោក​ទាំងមូល កំពុង​រួមគ្នា​ប្រយុទ្ធប្រឆាំង និង​ការរីក​រាលដាល​ជំងឺឆ្លង ដ៏​អាក្រក់​នេះ យើងខ្ញុំ​ជា​សហ​មេធាវី សូម​ស្នើ​លោក​ប្រធាន​ក្រុមប្រឹក្សា ពិចារណា​ចូលរួម​ទប់ស្កាត់ ជាមួយ​រាជរដ្ឋាភិបាល លើ​ករណីនេះ ដោយ​លើក​ពេល​សវនាការ​ទៅ​ថ្ងៃក្រោយ​៕ ដោយ​៖​កូ​ឡាប​