Tuesday, January 18, 2022

ភ្ញៀវទេសចរ​នៅលើ​នាវា​ទេសចរណ៍ វី​ឃី​ង ចំនួន ៥៣​នាក់ អវិជ្ជមាន​ជំងឺ កូ​វីដ​-១៩ បាន​វិល​ទៅ​ស្រុកកំណើត​វិញ​ហើយ​

​ភ្នំពេញ​៖ រដ្ឋបាលខេត្ត​កំពង់ចាម នៅ​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០២០​នេះ បានប្រកាស​អបអរសាទ​រ​! ការពិនិត្យ​សំណាក​លើក​ទី​៣ ឃើញថា​ជនបរទេស​ដែលជា​ភ្ញៀវទេសចរ នៅលើ​នាវា​ទេសចរណ៍ វី​ឃី​ង VIKING CRUISE JOURNEY ចំនួន ៥៣​នាក់ អវិជ្ជមាន​ជំងឺ កូ​វីដ​-១៩​។​

​ភ្ញៀវទេសចរ និង​បុគ្គលិក​បម្រើ​ការងារ នៅលើ​នាវា​ទេសចរណ៍ វី​ឃី​ង VIKING CRUISE JOURNEY ចំនួន ៥៣​នាក់ ត្រូវបាន​អនុញ្ញាត​ឲ្យ​និវត្តន៍​ទៅកាន់​ស្រុកកំណើត និង​ប្រទេស​របស់ខ្លួន​វិញ​ហើយ បន្ទាប់ពី​ក្រុមគ្រូពេទ្យ​ជំនាញ ខេត្តកំពង់ចាម បាន​យក​សំណាក​ទៅធ្វើ​តេស្ត​លើក​ទី​៣ ដើម្បី បិទ​បញ្ចប់​ករណី​ជម្ងឺ​កូ​វីដ ១៩ ក្រោយពី​អាជ្ញាធរ បានដាក់​ឲ្យ​ពួកគេ​ស្នាក់នៅ​កន្លែង​ដាច់ដោយឡែក អស់​រយៈពេល ១៤​ថ្ងៃ កន្លង​ទៅនោះ ។

​ក្នុងឱកាស​ជូន​ដំណើរ ភ្ញៀវ និង​បុគ្គលិក​ទេសចរណ៍ ទាំង ៥៣​នាក់ នា​រសៀល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២០​នេះ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ជំងឺ​កូ​វីដ​១៩ ខេត្តកំពង់ចាម បាន​ជូនពរ​ឲ្យ​ការធ្វើដំណើរ​វិលត្រឡប់ ទៅកាន់​ប្រទេស​រៀងៗ​ខ្លួន​វិញ សូម​ប្រកប​តែ​សេចក្ដីសុខ និង​សុវត្ថិភាព ។

​នាឱកាស​នោះដែរ លោក​អភិបាលខេត្ត​កំពង់ចាម ក៏បាន​ផ្ដល់នូវ​វត្ថុ​អនុស្សាវរីយ៍ ទៅដល់​ភ្ញៀវទេសចរ​ទាំងអស់នោះ ផងដែរ ។​

​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ បានប្រកាសថា ស្ដ្រី​ជនជាតិ​អង់គ្លេស​ដែលជា​អ្នកជំងឺ​រលាក សួត​ប្រភេទ ថ្មី COVID-19 ហើយ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​ចាក​ចេញពី​មន្ទីរពេទ្យ​។​

លោក យ៉ុ​ន សុខ​ខុម ប្រធាន​ផ្នែក​ទីផ្សារ​នៃ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ បានបញ្ជាក់​ឱ្យដឹង​ថ្ងៃទី​២៤ មីនា ឆ្នាំ​២០២០​នេះ​ថា ៖ អ្នកជំងឺ​ស្ត្រី​ជនជាតិ​អង់គ្លេស​អាយុ ៦៥ ឆ្នាំ​រូបនេះ ត្រូវបាន​ក្រុមគ្រូពេទ្យ​របស់ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ និង​ក្រុម​គ្រូ ពេទ្យ​របស់ អង្គការ​សុខ ភាព​ពិភពលោក (WHO) ក្រុមគ្រូពេទ្យ​របស់ ក្រសួង សុខាភិបាល​បានប្រកាសថា​អ្នកជំងឺ​ត្រូវបាន​ជាសះស្បើយ​ពី​ជំងឺ រលាក​សួត ប្រភេទ​ថ្មី COVID-19 នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០ ដោយ​សម្អាង​ទៅលើ លទ្ធផល​ធ្វើតេស្ដ អវិជ្ជមាន ចំនួន ពីរដង ហើយ អាច​ចាក​ចេញពី​មន្ទីរពេទ្យ ដើម្បី​ត្រឡប់​ទៅ​ប្រទេស របស់គាត់​វិញ​បាន​។

ចំណែក​ជនជាតិ​អង់គ្លេស​២​នាក់​ប្តី​ប្រពន្ធ​ដែល​ធ្វើដំណើរ​តាម​នាវា​វី​ឃី​ង កំពុង​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ស្ថិតក្នុង​ដំណាក់កាល​ព្យាបាល នៅ​មន្ទីរពេទ្យ​នា​ខេត្តកំពង់ចាម​នៅឡើយ​៕ ដោយ​៖​កូ​ឡាប​