Tuesday, January 18, 2022

GMAC អំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ កុំ​បោះបង់ចោល​កម្ពុជា ក្នុងស្ថានភាព​សកលលោក កំពុងមាន​វិបត្តិ​ដោយសារ​ជំងឺ​កូ​វីដ​១៩

​ភ្នំពេញ​៖ ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បានចេញ​សេចក្តីអំពាវនាវ​ដល់​អ្ន​ក​បញ្ជា​ទិញ​ទាំងអស់​កុំ​​បោះបង់​ចោល​កម្ពុជា ក្នុងស្ថានភាព​សកលលោក​កំពុងមាន​វិបត្តិ​ដោយសារ​ជំងឺ​កូ​វីដ​១៩​។ ហើយ​សមាគម​ក៏បាន​ជំរុញ​ឲ្យ​អ្នកបញ្ជា​ទិញ​ត្រូវបំពេញ​កាតព្វកិច្ច​រប​ស់​ខ្លួន​តាម​កិច្ចសន្យា​ដែល​បាន​ចុះ​រួចហើយ​។​

​ក្នុង​លិខិត​អំពាវនាវ​មួយ​នៅ​ថ្ងៃ​អង្គារ​ទី​២៤​មីនា​នេះ GMAC បាន​លើកឡើងថា ក្នុងដំណាក់កាល​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បានធ្វើ​ឱ្យមាន​ភាពចលាចល​ដល់​ជីវិត​រស់នៅ និង​អាជីវកម្ម​របស់​យើង​គ្រប់គ្នា​។ GMAC បន្តថា ដើម្បី​ជម្នះ​នូវ​ឧបសគ្គ​ដ៏​លំបាក​នាពេលនេះ ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមដៃគ្នា​ដើម្បី​យើងទាំងអស់គ្នា​អាច​បន្តរ​ស់បាន​។​

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ក៏បាន​អំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ​ទាំងអស់​ថា «​ចំពោះ​អ្នកបញ្ជា​ទិញ​ទាំងអស់​៖ សូមកុំ​បោះបង់​កម្ពុជា​! សមាគម​សូម​ជំរុញ​អ្នកបញ្ជា​ទិញ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​តាម​កិច្ចសន្យា​ដែល​បាន​ចុះ​រួចហើយ ដោយ​ទទួលយក​ការដឹក​ទំនិញ​ដែល​បាន​ផលិត​រួចហើយ និង​ទំនិញ​ដែល​បច្ចុប្បន្នកំពុង​ផលិត និង​ទូទាត់​ប្រាក់​តាម​លក្ខខណ្ឌ​ធម្មតា​។ ការធ្វើ​បែបនេះ នឹង​អាចធ្វើឱ្យ​រោងចក្រ​មានលទ្ធភាព​បើកប្រាក់​ឈ្នួល​ជូន​កម្មករ និង​បន្តការងារ​របស់​ពួកគេ​»​។​

ចំពោះ​ខាង​រោងចក្រ​វិញ ត្រូវ​គិត​អំពី​សុវត្ថិភាព កម្មករនិយោជិត​ជា​ចម្បង សូម​រក្សា ការយកចិត្តទុកដាក់ បញ្ហា​អនាម័យ​កម្រិត​ខ្ពស់ ដែលជា​វិធានការ​នៅ​កន្លែង​ការងារ ដើម្បី​ការពារ​កម្មករនិយោជិត និង​ជួយ​បង្ការ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ សូមឱ្យ​ប្រាកដថា​កម្មក​រ​នឹង​យល់ដឹង​និង​អនុវត្តតាម​គោលការណ៍​ណែនាំ​និង​បទ​ប្បញ្ញត្តិ​ផ្សេងៗ​ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​។ ហើយ​កម្មករ ព្រមទាំង​សហជីព​ក៏ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​ការពារ​លក្ខណៈ​វិទ្យាសាស្ត្រ​ដែល​កំពុង​អនុវត្ត​នៅ​កន្លែង​ការងារ​។ ត្រូវ​ធ្វើជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ ជាពិសេស​បន្ត​ការ​នៅ​ឆ្ងាយ​និង​កាត់បន្ថយ​ជា​អតិបរមា​ចំពោះ​ពិធី​ជួបជុំ​ផ្សេងៗ​។ សូម​លាងដៃ​ឲ្យ​បាន​ញឹកញាប់​និង​មិន​យកដៃ​ប៉ះ​មុខ​។ តាមរយៈ​ការរួម​សហការគ្នា​នេះ ប្រាកដ​ណាស់ យើង​នឹង​អាច​ពុះពារ ឈ្នះ​ជំងឺឆ្លង​រាតត្បាត​ជាស​កល​នេះ អាច​ការពារ​ជីវិត​យើង និង​ធានាបាន​នូវ​ការរស់រាន នៃ​អាជីវកម្ម​របស់​យើង​៕ ដោយ​៖​កូ​ឡាប​